សង្គ្រាមអ៊ីរ៉ង់៖ អ៊ីរ៉ង់អះអាងកាលពីថ្ងៃទី៨ ខែមីនា ថា ខ្លួនអាចបន្តប្រយុទ្ធជាមួយអាមេរិក និងអ៊ីស្រាអែលបានយ៉ាងតិច៦ខែទៀត ខណៈអ៊ីស្រាអែលនាព្រឹកព្រលឹមថ្ងៃនោះ វាយប្រហារសណ្ឋាគារមួយនៅកណ្ដាលក្រុងបេរូតរដ្ឋធានីលីបង់ ដោយចាត់ទុកសណ្ឋាគារនោះថា ជាកន្លែងស្នាក់របស់បណ្ដាប្រមុខកងឆ្មាំបដិវត្តន៍ ។
សង្គ្រាមនៅអ៊ីរ៉ង់មកដល់ថ្ងៃទី៨មីនា ឈានចូលថ្ងៃទី៩ ជាថ្ងៃមានការវាយប្រហារតាមអាកាសនាពេលយប់ថ្មីៗ ក្នុងប្រទេសជាច្រើននៅឈូងសមុទ្រពែរ្ស៍ ។ លោកអាលីម៉ូហាម៉ាដណាអ៊ីនី អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថ្លែងថា កងទ័ពអ៊ីរ៉ង់មានលទ្ធភាពបន្តសង្គ្រាមខ្លាំងក្លាដូចក្នុងសង្វាក់បច្ចុប្បន្នបានយ៉ាងតិច៦ខែទៀត ។

នាពេលយប់ក្នុងចម្ងាយ១៥០០គីឡូម៉ែត្រ ពីអ៊ីរ៉ង់ អ៊ីស្រាអែលនិយាយថា បានវាយប្រហារចំៗមេបញ្ជាការសំខាន់ៗរបស់កងកម្លាំង QODS ជាសាខាវាយប្រហារខាងក្រៅប្រទេស របស់កងឆ្មាំបដិវត្តន៍ដែលអ៊ីស្រាអែលចោទថា ជាក្រុមវាយប្រហារភេរវកម្ម ។ តាមក្រសួងសុខាភិបាលលីបង់ថា អ៊ីស្រាអែលបានវាយប្រហារសណ្ឋាគារមួយ នៅកណ្ដាលក្រុងបេរូតបណ្ដាលឲ្យមនុស្សស្លាប់៤នាក់និងរបួស១០នាក់ ។ ការវាយប្រហារនោះសំដៅសណ្ឋាគារRAMADA ទល់មុខសមុទ្រ ។

ក្នុងសង្កថាមួយតាមទូរទស្សន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូអះអាងនាពេលមុននេះថា ប្រទេសលោកនឹងបន្តសង្គ្រាម ដោយពេញកម្លាំងប្រឆាំងអ៊ីរ៉ង់តាមផែនការជាមួយរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត៕

ប្រភព៖ កោះសន្តិភាព
