ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ 
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ-អន្តរជាតិ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នាថ្ងៃនេះ។ 
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នៅតែបន្តរង់ចាំទទួលស្វាគមន៍ចំពោះសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ព្រោះថាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕ 

