ភ្នំពេញ៖ ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន ក្រសួបរិស្ថាន បានបន្តជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ និងយល់ដឹងពីការទុកដាក់សម្រាម និងសំណល់ផ្លាស្ទិក តាមរយៈការចែកធុងសម្រាមដល់មូលដ្ឋានរបស់ពួកគាត់។
ជាថ្មីម្តងទៀត ធុងសំរាម ចំនួន ២ ៧៦៦ ធុង ត្រូវបានរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីធ្វើការចែកជូនដល់សាលារៀន និងមូលដ្ឋានសុខាភិបាល បន្ថែមពីលើធុងសំរាម ចំនួន ៣ ១៥៥ ធុង ដែលបានផ្តល់ជូននាពេលកន្លងមក តាមរយៈក្រសួងសុខាភិបាល។ 
ក្រសួងបរិស្ថាន និងបន្តចែកធុងសំរាមជូនដល់មូលដ្ឋានខេត្តនានា ក្នុងឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមកាត់បន្ថយបរិមាណសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការបំពុល ផលប៉ះពាល់បរិស្ថាន សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ចាប់ពីកម្រិតតាមមូលដ្ឋាន ព្រមទាំងការចូលរួមទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏នឹងផ្តល់ធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕

