សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំ គណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា រាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព នាវិមាន៧មករា ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដោយមានការចូលរួមពីគណបក្សនយោបាយ សរុបទាំង២៩គណបក្ស។

កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្សដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព ក្រៅពីនេះ នៅមានក្រុមការងារសម្របសម្រួលប្រជុំរៀងរាល់បីខែម្តង។

គួររំលឹកផងដែរថា រំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនានានៅកម្ពុជា ហើយការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។

គណបក្សសម្ព័ន្ធភាពបានធ្វើកិច្ចការងារជាច្រើនក្នុងគោលដៅ និងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបានសម្រេចរួមគ្នានាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏បានមានប្រសាសន៍ អំពីស្ថានភាពព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសសម្ដេច បានកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅក្នុងអំឡុងពេលដែលថៃឈ្លានពានកម្ពុជា។

សម្ដេចតេជោ ជាមួយគ្នានោះ ក៏បានសរសើរចំពោះការរួបរួមសាមគ្គីគ្នានេះ និងការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការថ្កោលទោសប្រទេសឈ្លានពានកម្ពុជា និងសកម្មភាពមួយចំនួនទៀតដែលបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានធ្វើកិច្ចការងារជួយដល់ជនភៀសសឹក ដូចជាការចែកនូវអំណោយ,សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់ទាហានរបស់យើង ដែលនេះជាការបង្ហាញនូវកាយវិការនៃទឹកចិត្តក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដូចខ្លឹមសារមានចែងនៅក្នុងចំណុចទី៣ ដែលគណបក្សទាំងអស់ត្រូវការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់ជាតិ។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទឹកដីរបស់កម្ពុជា មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយ ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេច ក៏បានសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។

នៅក្នុងកិច្ចប្រជុំនេះ គណបក្សសម្ព័ន្ធភាព បានបង្ហាញនូវការគាំទ្រចំពោះគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធភាពតែងតែគាំទ្រ និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ទៅលើផ្ទៃក្នុងនៃសម្ព័ន្ធភាពដើម្បីរក្សានូវសម្ព័ន្ធភាពនៃគណបក្សទាំង ២៩ ឱ្យនៅឋិតថេរ និងរឹងមាំ។

ទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី សម្ដេចតេជោបានមានប្រសាសន៍ថា គណបក្សថ្មីទាំងឡាយណាដែលបំបែកចេញអំពីគណបក្សសម្ព័ន្ធភាពនេះ មិនគាំទ្រឱ្យចូលជាមួយគណបក្សសម្ព័ន្ធនោះឡើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News