ទីប្រឹក្សាសម្តេចតេជោ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ និងបណ្ឌិត ឡាយ ឡុងផេង អញ្ជើញសួរសុខទុក្ខ វីរកងទ័ពជួរមុខ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តព្រៃវែង និងលោកបណ្ឌិត ឡាយ ឡុងផេង ទីប្រឹក្សាសម្តេចតេជោ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកជំនួយជូនដល់វីរកងទ័ពសមរភូមិមុខនៅទិសខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ហើយសូមបន្តរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ វីរកងទ័ព ប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ចផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានគូសបញ្ជាក់ថា ការផ្តល់ជំនួយដល់វីរៈកងទ័ពនាពេលនេះ មិនច្រើនក៏ពិតមែន តែអាចសម្រួលការលំបាករបស់បងប្អូនបានមួយគ្រា ដែលសមរភូមិក្រោយ តែងតែនៅជាប់ជានិច្ចជាមួយកងទ័ព រួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជនគ្រប់កាលៈទេសៈ៕

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News