ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”

ហូជីមិញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ​និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

សូមជម្រាបថា តាមគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ​ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម” រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១  និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា  និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ បន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ រួមទាំងជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។

គម្រោងសាងសង់អគារសិក្សានេះ ត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិកា​រ​មជ្ឈិ​ម​ប​ក្ស​​កុម្មុយនី​ស្តវៀតណាម និងជាប្រធានរដ្ឋ​វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២៦ កន្លងមកនេះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News